• slideshow-02.jpg
  • for-website1.jpg
  • for-website2.jpg
  • slideshow-05.jpg
  • for-web.jpg
  • Car TTA8.jpg
  • for-website.jpg
  • TTA.member.jpg
  • sokkry3.jpg

ខេត្តសៀមរាប

ខេត្តសៀមរាប ជាខេត្តមួយដែលមានទីតាំងនៅភាគខាងពាយ័ព្យ​នៃប្រទេស ក្បែរបឹងទន្លេសាប។ ទីរួមខេត្តរបស់ខេត្តនេះគឺ ក្រុងសៀមរាប។ ខេត្តសៀមរាបត្រូវបានដាក់ឈ្មោះបែបនេះដើម្បី រំលឹកដល់ជ័យជំនះនៅកងទ័ពខ្មែរលើកងទ័ពសៀមនៃរាជាណាចក្រអយុធ្យានៅសតវត្សទី១៧។ សព្វថ្ងៃខេត្តសៀមរាបត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជាខេត្ត​តាំងនៅនៃប្រាសាទអង្គរវត្តដ៏ល្បីល្បាញ។

ស្ថានភាពទូទៅ

ខេត្តសៀមរាបស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ខេត្តនេះជាតំបន់ទេសចរណ៍ដ៍សំខាន់របស់ប្រទេសកម្ពុជា ដោយសារខេត្តនេះជាទីតាំងនៃ ប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញនិង ប្រាសាទបុរាណដទៃទៀតជាច្រើន។ ថ្មីៗនេះ ក្រុងសៀមរាបកំពុងប្រែក្លាយរូបរាងជាក្រុងទំនើបតាមរយៈកំនើនសណ្ឋាគារ ​ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើមដែលបំរើអោយ​វិស័យទេសចរណ៍។ រមណីយដ្ឋានផ្សេងទៀតដែលនៅក្បែរក្រុងសៀមរាបមាន អង្គរធំ កសាងដោយព្រះបាទជ័យវរ្ម័នទី៧ ប្រាសាទបន្ទាយស្រី ប្រាសាទតាព្រហ្ម និងប្រាសាទរាប់រយទៀត។ តំបន់អង្គរត្រូវបានរងការលុកលុយជាច្រើនដងពីពួកសៀម ហើយទីបំផុតរាជធានីអង្គរត្រូវបានបោះបង់នៅឆ្នាំ ១៤៣១។ គួររំលឹកផងដែរថា រាជធានីរបស់ប្រទេសកម្ពុជាត្រូវបានពីប្តូរពីអង្គរទៅ​ភ្នំពេញនៅឆ្នាំ ១៤៣២ រួចទៅលង្វែក និង ឧដុង្គ និងត្រលប់ទៅភ្នំពេញវិញនៅឆ្នាំ ១៨៦៦។ ប្រាសាទអង្គរវត្តត្រូវបានរកឃើញឡើងវិញដោយអ្នករុករកជនជាតិបារាំង លោក ហង់រី មូហូ (Henri Mouhot)ក្នុងឆ្នាំ១៨៦០។

លក្ខណៈភូមិសាស្ត្រ

ខេត្ត​សៀមរាប​ ជា​ខេត្ត​មួយ​ស្ថិត​នៅ​តំ​បន់​ពាយ័ព្យ នៃ​ប្រទេស​កម្ពុជា​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​ ៦ ដែល​មាន​ចំងាយ​ប្រវែង​ ៣១៤​ គ.ម ពីទីក្រុងភ្នំពេញ មាន​ពំ្រប្រទល់​ខាង​កើតជាប់​នឹង​ខេត្ត​កំពង់ធំ​ និងខេត្ត​ព្រះវិ​ហារ, ខាង​លិច​ជាប់​នឹង​ខេត្ត​បន្ទាយ​មានជ័យ, ខាង​ជើង​ជាប់​នឹង​ខេត្ត​ឧត្តរមាន​ជ័យ និង​ខេត្តព្រះវិហារ, និង​​ខាងត្បូង​ជាប់​នឹង​ខេត្ត​បាត់​ដំ​បង​ និង​បឹងទន្លេសាប ។ ព្រំប្រទល់​ជាប់​បឹង​ទន្លេសាប​មាន​ប្រវែង​ ៨២ គ.ម ​ដែល​ស្ថិត​នៅ​ជាប់​ស្រុកជីក្រែង, ស្រុកសូត្រនិគម, ស្រុកប្រាសាទបាគង,ស្រុកសៀមរាប, ស្រុកពួក​និង​ស្រុកក្រឡាញ់ ។​
ស្រប​តាម​លក្ខណៈ​ភូមិសាស្ត្រ​នៃតំបន់ ​និង​និយម​នៃសីតុណ្ហភាព ការ​ហួត​ហែង សំនើម ភាពរាំងស្ងួត និង​ជំនន់ យើង​អាច​បែង​ចែក​តំបន់​ទាំង​​នេះ​ជា​បី​ផ្នែក​គឺ ផ្នែក​ខាង​លើ​មាន​ ១៣​ ឃុំ​, ផ្នែក​កណ្តាល​មាន​៦៩ឃុំ និង​ផ្នែក​ខាង​ក្រាម​ជាប់​បឹងទន្លេសាប​មាន​ ១៨​ឃុំ។តំបន់​​ខាង​លើ​សំបូរ​ទៅ​ដោយព្រៃភ្នំ​មា​ន​សណ្ឋាន​ដូចជា​ដីទូល​ឬ​ខ្ពង់រាប ខ្វះខាតទឹក​និង​ជួប​ប្រទះគ្រោះរាំង​ស្ងួត​ញឹកញាប់​
 
តំបន់​កណ្តាល​ជា​វាល​ស្រែល្វឹង​ល្វើយ និង​លំនៅឋាន​ព្រម​ទាំង​ប្រាង្គ​ប្រាសាទ​នានា និង​តំបន់​ក្រោម​ជា​វាល​ទំនាបរង​ទឹក​ជំនន់​រៀង​រាល់​ឆ្នាំ។ជាតំបន់​ជលវេគ​ពេល​ណា​មាន​ភ្លៀង​ធ្លាក់​ជន់​លិច​លង់ ពេល​ណា​គ្មាន​ភ្លៀង​ស្ងួតហួតហែង មា​ន​ផ្ទៃ​ក្រលា​សរុប​ប្រមាណ ១២.០១៥ គ.ម២ ចែក​ចេញ​ជា​ ១២​ក្រុង​ស្រុក ១០០ឃុំ និង​៩០៧ភូមិ ដោយ​មា​ន​ប្រជាជន​សរុប​ ៧៣៣.៨៨២​ នាក់ ត្រូវជា ៦,០៩% នៃ​ប្រជាជន​សរុប​ទូទាំង​​ប្រទេស។ មុខរបរសំខាន់នៃផ្នែកទាំងបីនេះ​មាន​ភាព​ខុសៗ​គ្នា​ពោល​គឺ៖
. ខាង​លើ​ធ្វើ​ស្រូវ​ចំការ និង​រុក​រក​អនុផល​ព្រៃឈើ. កណ្តាលធ្វើស្រែ​និង​សេវាកម្ម​ផ្សេងៗ. ខាង​ក្រោម​ធ្វើ​ស្រែ​និង​ចំការ​ដំនាំ​តាម​រដូវ​និង​ប្រកប​អាជីវកម្មនេសាទ។ជាទូទៅខេត្តសៀមរាប​មាន​ចរិត​ជា​តំបន់​ជនបទ។ ប្រជា​ជន​ប្រមាណ​ ៧០% រស់​នៅតាម​ទី​ជនបទ​ឆ្ងាយពី​ក្រុង​ដែល​ផ្អែក​លើ​មុខ​របរ​កសិ​កម្ម​ជា​អាជីព។ ប្រជាជន​ប្រមាណ​ ១៨% រស់​នៅ​តាម​តំបន់​ជាប់​​បឹង​ទន្លេសាប​ផ្អែក​លើអាជីវកម្ម​នេសាទ​និង​ធ្វើ​ចំការ​ដំនាំផ្សេងៗ និង​១២%ទៀតរស់​នៅ​តាម​ទី​ប្រជុំជន​និង​ក្រុង​ដែល​មា​ន​មុខ​របរ​ពាណិជ្ជកម្ម ទេសចរណ៍ និង​បុគ្គលិក​រដ្ឋ។ ខេត្តសៀមរាបចែកចេញជា១២ស្រុក ១០០ឃុំ និង៩០៧ភូមិ។

តំបន់​ទេសចរណ៍ខេត្តសៀមរាប

តាម​ប្រវត្តិសាស្ដ្រ ទឹកដី​ខេត្ត​សៀមរាប​ជា​តំបន់​រាជធានី​របស់​ចក្រភពខ្មែរ​អំឡុង​ពីសតវត្ស​ទី​ ១២ ដល់​ ១៣។ ដោយសារ​​មូលហេតុ​ខាងលើនេះហើយទើប​រហូត​មក​ទល់​បច្ចុប្បន្ននេះ​គេនៅឃើញ​មាន ​ប្រាសាទយ៉ាង​ច្រើន​ស្អេក​ស្កះ​តំរៀប​គ្នា​នៅ​ក្នុងទឺក​ដី​ដ៏​ប​វរ​នៃ​ខេត្តសៀមរាប។ ប្រាសាទ​ទាំងឡាយ​នៅតំបន់អង្គរ ដែល​មាន​ឈ្មោះល្បី​ទូទាំងពិភពលោក​គឺ ​ស្ថិត​នៅ​ប៉ែកពាយ័ព្យ​នៃ​ ប្រទេស​កម្ពុជា​ក្នុង​ខេត្តសៀមរាប ដែល​គ្រប​ដណ្តប់​ដោយ​ផ្ទៃ​ក្រលា​ ៦០០ គ.ម២។​​ សព្វ​ថ្ងៃ​ប្រាសាទ​ចំនួន​ជាង​១០០​ត្រូវ​បាន​រកឃើញ​។​ ប្រាសាទទាំង​ឡាយ​ ត្រូវ​បាន​កសាង​ឡើង​រវាង​សតវត្ស​ទី​៩​ និង​ទី​១៣។​ កម្ម​វិធី​កសាង​ឥតឈប់ឈរ​ត្រូវ​បាន​ប្រកាន់​ដោយ​ព្រះ​រាជាខ្មែរ​ជា​បន្ត​បន្ទាប់ អាច​ប្រៀបធៀប​បាន​ទៅ​នឹង​សំនង់​ពីរ៉ាមីតដោយ​ព្រះចៅ​​ផារ៉ាអុង​ក្នុង ​ប្រទេស​អេហ្សីប។ ព្រះ​រាជា​ខ្មែរ​បាន​សាង​សង់​ប្រាសាទ​ទាំង​នេះ​ ដោយ​ប្រើ​កំលាំង​ទាសករ​យ៉ាង​ច្រើន តាម​ការ​ប៉ាន់​ស្មាន​ ការ​ធ្វើ​សំនង់​ថ្មី​នីមួយៗ​អាច​ប្រើ​មនុស្ស​​ប្រហែល​ ៧៥០.០០០នាក់ ក្នុងអំឡុង​សតវត្ស​ទី​ ១២ និង​១៣។ទោះបី​ជា​បន្សល់​ទុក​នូវ​ ប្រាសាទ​ជា​ច្រើន​ក៏ដោយ សព្វថ្ងៃនេះគឺ​មាន​ភស្តុតាង​បន្តិចបន្តួច​ចំពោះ​មនុស្ស​

ដែល​រស់​នៅ​ថា​ប្រាកដ​ជា​ទី​ក្រុង​មួយ​ដែល​ធំ​ជាង​គេ​នៅ​លើផែន​ដី​នា​ពេល​នោះ។អ្នក​ដំនើរ​ព័រទុយហ្គាល់​ត្រូវ​បាន​គេ​ជឿថា​ជា​ជន​បស្ចឹម​ប្រទេស​ដំបូង​គេ​ដែល​បាន​សំលឹង​មិន​ដាក់​ភ្នែក​ទៅ​លើភាព​អស្ចារ្យ​នៃ​ប្រាសាទ​អង្គរ​ នា​ពេល​ទស្សនា​ក្នុង​អំឡុង​សតវត្ស​ទី​១៦។​ ទោះបីយ៉ាង​ណា​ក៏​ដោយ កិត្តិយស​ធំ​បំផុត​ចំពោះ​ការ​រក​ឃើញ​អង្គរ​បាន​ធ្លាក់ទៅ​អ្នក​ភូមិសាស្ដ្រ​ជន​ជាតិ​បារាំង​ឈ្មោះ ហង់រី​ មូហូត (Henri Mouhot) ដែល​បាន​មក​ទស្សនា​អង្គរ​ឆ្នាំ​១៨៦០ ដែល​បាន​តំកល់ទុក​នូវ​ឯកសារ​នា​ទីក្រុង​ប៉ារីស​ក្រាយ​មរណភាព​ក្នុង​ឆ្នាំ១៨៦៨។ ក្នុង​សតវត្ស​ទី ១៩​និង​២០ បេសកកម្ម​របស់​បារាំង​ជា​ច្រើន​បាន​មក​ទស្សនា​ប្រាសាទ​ និង​ ធ្វើ​ការ​កាប់​ឆ្ការ​សំអាត​ព្រៃពី​ប្រាសាទ ហើយ​ដែល​បាន​ប្រមូល​នូវ​ឯកសារ​យ៉ាង​ច្រើន​បំផុត។ ក្នុង​ឆ្នាំ ១៩០៧ ប្រទេស​ថៃ​បាន​ប្រគល់ទឹកដី​អង្គរ​មក​អោយ​ខ្មែរ​គ្រប់​គ្រង​វិញ​ ហើយ​នៅ​ក្នុង​ឆ្នាំនោះហើយដែល​​​ភ្ញៀវទេសចរ​បាន​មក​ទស្សនា​​ជា​លើក​ដំបូង។ ប្រសិន​បើ​ពេល​មា​ន​កំនត់​អ្នកទស្សនា​អាច​ជ្រើសរើស​តាម​វង់​តូច​ដែល​រួម​មា​ន​ទីក្រុង​របស់​ស្តេច គឺ​អង្គរធំ​ដែល​មា​ន​ប្រាសាទ​ជា​ច្រើន អង្គរវត្ត ស្រះស្រង់និង​រមណីយដ្ឋាន​ជាច្រើន​ទៀត។ ការបន្តដំនើរទស្សនា​ទៅវង់ធំ​គេ​នឹង​បាន​ឃើញប្រាសាទមួយ​ចំនួន​ផ្សេង​ទៀត​និង​បារាយនៅ​សម័យ​អង្គរ។ ប្រសិន​បើ​ពេល​វេលា​អនុញ្ញាតិ ភ្ញៀវទេសចរ​អាច​ទស្សនា​ប្រាសាទ​ល្បីឈ្មោះ​ដូចជា​បន្ទាយស្រី ឬ​​បន្ទាយសំរ៉ែ ដែល​ស្ថិត​នៅឆ្ងាយ​ពីប្រាសាទ​នៅ​តំបន់អង្គរ​បន្តិច។

ភ្ជាប់ទំនាក់ទំនងយើងតាម